Serey is utilizing Blockchain technology

ការចរចាសន្តិភាព៖ ថៃកំពុងលេងសន្លឹកបៀរឡោម


What is your opinion?


ការចរចាសន្តិភាព៖ ថៃកំពុងលេងសន្លឹកបៀរឡោមព័ទ្ធចិន និងប្រើចិត្តសាស្ត្រសម្លុតខ្មែរ លើក្តារអុកជាតិនិយម


ដូចណាស់ៗ ចិត្តសាស្ត្រកម្ទេចបន្ទាយលង្វែក បោះកាក់ដុតព្រៃឫស្សី បំបែកសាមគ្គី ហែកក្រុមបញ្ញាវន្ត គឺជារូបមន្តដដែល ប៉ុន្តែបរិបទខុសគ្នា (៤៣២ ឆ្នាំ)។ ខ្ញុំមិនមែនជាអ្នកបច្ចេកទេសសង្គ្រាម ហើយក៏រឹតតែមិនចេះកេះកៃកាំភ្លើង ប៉ុន្តែលើកនេះ ខ្ញុំសូមលើក យុទ្ធសាស្ត្ររ៉ាប់រងហានិភ័យ (Hedging strategy) របស់សេដ្ឋកិច្ច-ហិរញ្ញវត្ថុ ដែលថៃកំពុងប្រើមកពិចារណាវិញ។


បើពិនិត្យមើលតាមទស្សនៈយោធា ព្រឹត្តិការណ៍វាយប្រហារតាមផ្លូវអាកាសនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នាខែធ្នូ ឆ្នាំ ២០២៥ នេះ ការលាយបញ្ចូលគ្នារវាងយន្តហោះ Gripen (High- "ខួរក្បាល" នៅពីលើពពក), F-16 (Middle/High- កណ្តាប់ដៃធ្ងន់នៃសមរភូមិ), និង T-50TH (Low- អ្នកប្រយុទ្ធសេដ្ឋកិច្ច) មិនមែនគ្រាន់តែជាការបង្ហាញសាច់ដុំធម្មតានោះទេ ប៉ុន្តែវាគឺជាការធ្វើតេស្តជាក់ស្តែង (Live-fire test) នៃយុទ្ធសាស្ត្រ "High-Low Mix" ដែលកងទ័ពអាកាសថៃ (RTAF) បានចំណាយពេលជាងមួយទសវត្សរ៍ដើម្បីកសាង។


នេះជាការប្រើម៉ូដែលសេដ្ឋកិច្ចសង្គ្រាមបែបតាក់តិច តាមរយៈប្រើកម្លាំងដោយលាយបញ្ចូលគ្នារវាង អាវុធបច្ចេកវិទ្យាខ្ពស់ តម្លៃថ្លៃ ចំនួនតិច (High) និង អាវុធបច្ចេកវិទ្យាមធ្យម តម្លៃសមរម្យ ចំនួនច្រើន (Low) ដើម្បីបង្កើតតុល្យភាពរវាង សមត្ថភាពប្រយុទ្ធ និង ថវិកាជាតិ។


តែបើសម្លឹងតាម ភូមិសាស្ត្រសេដ្ឋកិច្ច (Geoeconomics) និងទ្រឹស្តីប្រាកដនិយម (Realism) ច្បាស់ជាមើលឃើញថា ការវាយប្រហារដោយយន្តហោះទាំងនេះ មិនមែនគ្រាន់តែជាការកម្ទេចគោលដៅយោធាប៉ុណ្ណោះទេ ប៉ុន្តែជា "សារនយោបាយ" (Political Message) ដ៏ធ្ងន់ធ្ងរ។


ហើយការប្រើប្រាស់គ្រឿងសព្វាវុធចម្រុះពីមហាអំណាចទាំង ៣ (អាមេរិក អឺរ៉ុប កូរ៉េ) ក៏មិនមែនជារឿងចៃដន្យទេ តែជាការដាក់ "អន្ទាក់យុទ្ធសាស្ត្រ" (Strategic Trap) ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិននៅតំបន់នេះ។


១. សង្គ្រាមចិត្តសាស្ត្រ (Psychological Warfare)

ថៃកំពុងប្រើប្រាស់យុទ្ធសាស្ត្រ "រន្ធត់និងញញើត" ខ្នាតតូច ("Shock and Awe" strategy) ដើម្បីបំបាក់ស្មារតីកម្ពុជា។


១~១ ការប្រើប្រាស់បច្ចេកវិទ្យាជាអាវុធចិត្តសាស្ត្រដើម្បីបំបែកសាមគ្គី៖

ការប្រើ Gripen , F-16 ដែលមានសម្លេងលាន់ឮខ្លាំង និងT-50TH ល្បឿនលឿនជាងសំឡេងមានសមត្ថភាពទម្លាក់គ្រាប់បែកចំគោលដៅ (Precision Strike) គឺដើម្បីបង្ហាញថា៖

▪︎ "បច្ចេកវិទ្យាយើងលើសអ្នក ហើយអ្នកមិនអាចលាក់ខ្លួនបានទេ"។

សារនេះមិនមែនសម្រាប់តែទាហាននៅសមរភូមិទេ តែសម្រាប់ប្រជាជន និងរដ្ឋាភិបាលនៅភ្នំពេញ ឱ្យមានអារម្មណ៍ថាគ្មានសុវត្ថិភាព (អ្នកមានត្រូវបញ្ជូនជូនកូនចេញទៅបរទេស ឯអ្នកក្រត្រូវឈប់ធ្វើទ័ព ហើយចំណែកភ្ញៀវអន្តរជាតិផ្អាក ឬលុបដំណើរកម្សាន្តមកកម្ពុជា)។


▪︎ ការដាក់សម្ពាធលើថ្នាក់ដឹកនាំ៖

គោលបំណងគឺចង់ឱ្យកម្ពុជាមានអារម្មណ៍ថា ការបន្តជម្លោះនឹងធ្វើឱ្យខាតបង់សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធធ្ងន់ធ្ងរ នាំឱ្យមានការតវ៉ាផ្ទៃក្នុងរបស់ខ្លួននាពេលខាងមុខ។


២. យុទ្ធសាស្ត្រអូសទាញមហាអំណាចទាំង ៣

ការដាក់ "អន្ទាក់យុទ្ធសាស្ត្រ" (Strategic Trap) ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិននៅតំបន់នេះ ដើម្បីធានាលក្ខខណ្ឌនៃការចរចារសន្តិភាពទោរទៅខាងថៃ។


២.១~ យន្តការ "ចំណាត់ខ្មាំងបច្ចេកវិទ្យា" (Technological Hostage Strategy)

ថៃកំពុងប្រាប់ចិនថា៖ "កុំគាំទ្រកម្ពុជាខ្លាំងពេក ប្រយ័ត្នយើងរត់ទៅចូលជំរុំលោកខាងលិចពេញទំហឹង"។


▪︎ F-16 (អាមេរិក) - សន្លឹកបៀរការពារ (The Security Guarantee): គំរាមចិន៖ បើចិនហ៊ានបញ្ជូនទ័ព ឬអាវុធធុនធ្ងន់មកជួយកម្ពុជា ឬពេលចរចាមានលក្ខណៈលម្អៀង វាអាចនឹងត្រូវបានបកស្រាយថាជាការគំរាមកំហែងដល់បច្ចេកវិទ្យាអាមេរិក ដែលអាចផ្តល់លេសឱ្យអាមេរិកចូលមកតំបន់នេះកាន់តែជ្រៅ (ក្រោមលេសការពារសម្ព័ន្ធមិត្ត)។ ចិនស្អប់បំផុតគឺវត្តមានយោធាអាមេរិកនៅកៀកព្រំដែនខ្លួន។


▪︎ Gripen (អឺរ៉ុប/ស៊ុយអែត) - សន្លឹកបៀរការទូត (The Diplomatic Shield): គំរាមចិន៖ ថៃប្រើប្រព័ន្ធ Link-T របស់ Gripen ដែលជាស្តង់ដារអឺរ៉ុប/ណាតូ។ បើចិនធ្វើសកម្មភាពខ្លាំងដៃប្រឆាំងនឹងប្រព័ន្ធនេះ ចិននឹងមានបញ្ហាជាមួយអឺរ៉ុប មិនមែនតែជាមួយថៃទេ។ នេះធ្វើឱ្យចិនពិបាកចិត្តក្នុងការប្រើ "កណ្តាប់ដៃដែក" ដាក់ថៃ។


▪︎ T-50TH (កូរ៉េខាងត្បូង) - សន្លឹកបៀរឧស្សាហកម្មអាស៊ី (The Asian Industrial Rival): គំរាមចិន៖ ការដែលថៃជ្រើសរើស T-50 ជំនួសឱ្យយន្តហោះចិន (ដូចជា L-15) គឺជាសារមួយប្រាប់ចិនថា "ទីផ្សារអាវុធនៅអាស៊ាន មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ចិនទេ"។ បើចិនមិនគោរពផលប្រយោជន៍ថៃ ថៃនឹងបន្តទិញអាវុធពីដៃគូប្រជែងរបស់ចិន។


២.២~ របៀបដែលយុទ្ធសាស្ត្រនេះធ្វើឱ្យចិន "ទ័លច្រក"

ចិនស្ថិតក្នុងស្ថានភាពលំបាកជ្រើសរើស (Dilemma) ចំពោះជម្លោះ កម្ពុជា-ថៃ នេះ៖


ក. បើចិនជួយកម្ពុជាពេញទំហឹង (ឧ. ផ្តល់ HQ-9 ឬ J-10)៖ ថៃនឹងយកលេសនេះ ដើម្បីស្នើសុំជំនួយបន្ថែមពីអាមេរិក (អាចដល់ថ្នាក់សុំដាក់មូលដ្ឋានទ័ព ឬរ៉ាដាអាមេរិកនៅទឹកដីថៃ)។ នេះគឺជា សុបិន្តអាក្រក់បំផុត សម្រាប់យុទ្ធសាស្ត្រសន្តិសុខរបស់ចិន។


ខ. បើចិននៅស្ងៀម៖

កម្ពុជា (ដែលជាមិត្តដែកថែប) នឹងរងគ្រោះ ហើយចិននឹងបាត់បង់ទំនុកចិត្តពីបណ្តាប្រទេសដទៃទៀតដែលចិនកំពុងព្យាយាមអូសទាញ (ដូចជា ឡាវ ឬ មីយ៉ាន់ម៉ា)។ គេនឹងថា "ចិនមិនអាចការពារប្អូនបានទេ"។


៣. សន្លឹកបៀរមិនទាន់បើករបស់កម្ពុជា

ប្រសិនបើថៃប្រើ អាមេរិក+អឺរ៉ុប+កូរ៉េ ដើម្បីឡោមព័ទ្ធចិន... ចិនតែមួយមិនអាចដោះស្រាយសមីការនេះបានងាយស្រួលទេ។ កម្ពុជាត្រូវការតួអង្គទី ៣ ដែល មិនខ្លាចអាមេរិក និង មានឥទ្ធិពលលើថៃ។ តួអង្គនោះគឺ រុស្ស៊ី។

▪︎ ហេតុផល៖

ទោះជាមើលតាមស្ថិតិសេដ្ឋកិច្ច យើងប្រហែលជាមិនសូវឃើញពាណិជ្ជកម្មដោយផ្ទាល់ទេ រវាងថៃនិងរុស្ស៊ី តែបើស្កេនបន្តិច យើងនឹងឃើញថា ថៃមានទំនាក់ទំនងល្អជាមួយរុស្ស៊ី លើសពីអតីតភរិយារបស់សេនាប្រមុខចក្រពង្សភូវនាថ (ថៃមិនបានចូលរួមពេញលេញក្នុងការដាក់ទណ្ឌកម្មលើរុស្ស៊ីទេ) ទៅទៀត។


រុស្ស៊ីជាមហាអំណាចតែមួយគត់ដែលអាមេរិក និងអឺរ៉ុប មិនអាចបញ្ជាបាន។ នៅក្នុងបរិបទដែលថៃកំពុងលេងសន្លឹកបៀរ "មហាអំណាច ៣" ដាក់សម្ពាធចិនបែបនេះ, កម្ពុជាអាចស្នើឱ្យចិន "បើកភ្លើងខៀវ" ឱ្យកម្ពុជាសហការជាមួយរុស្ស៊ីវិញ។


▪︎ ហេតុផល៖ ការចរចាយកប្រព័ន្ធការពារអាកាសរុស្ស៊ី (S-300/400 ឬ Pantsir) មកប្រើ គឺមិនធ្វើឱ្យថៃមានលេសរត់ទៅរកអាមេរិកខ្លាំងដូចការយកអាវុធចិនទេ (ព្រោះថៃក៏រកស៊ីជាមួយរុស្ស៊ីដែរ- ទេសចរ ការវិនិយោគវិស័យសំណង់ ជាដើម)។


នៅក្នុងកែវភ្នែកនៃអ្នកយុទ្ធសាស្ត្រ ជម្លោះនេះមិនមែនដោះស្រាយដោយការបាញ់គ្នាសុទ្ធទេ តែជាការប្រកួតប្រជែង "អ្នកណាអាចទាញសម្ព័ន្ធមិត្តឱ្យជួយបានលឿនជាង"។


សន្និដ្ឋាន

ថៃកំពុងប្រើប្រាស់យុទ្ធសាស្ត្រ Hedging (ការធានារ៉ាប់រងហានិភ័យ) ដោយយកអាមេរិក/អឺរ៉ុប/កូរ៉េ មកធ្វើជាខែល ដើម្បីរារាំងមិនឱ្យចិនហ៊ានលូកដៃជួយកម្ពុជាខ្លាំងពេក។ នេះគឺជាការលេងហ្គេម Geopolitics កម្រិតខ្ពស់។


សេណារីយ៉ូសម្រាប់កម្ពុជា

■ យុទ្ធសាស្ត្រទី១ ៖ ប្រើសន្លឹកបៀរ "S-300/400" ឬ "HQ-9 " ដើម្បីតវ៉ាទៅអាមេរិកដោយប្រយោលថា "បើអ្នកមិនឃាត់ថៃទេ យើងគ្មានជម្រើសក្រៅពីអញ្ជើញគូប្រជែងរបស់អ្នកចូលមកការពារយើងទេ"។


■ យុទ្ធសាស្ត្រទី២ ៖ ប្តឹងតវ៉ាជាផ្លូវការទៅសហភាពអឺរ៉ុប និងរដ្ឋាភិបាលស៊ុយអែត ដោយចោទប្រកាន់ថា អាវុធរបស់ពួកគេកំពុងបង្កអស្ថិរភាពនៅអាស៊ាន។


▪︎ យុទ្ធសាស្ត្រទី៣ ៖ កម្ពុជាអាចប្រើប្រាស់ទំនាក់ទំនងសេដ្ឋកិច្ចជាចំណាប់ខ្មាំង។ កម្ពុជាត្រូវតវ៉ាថា ការប្រើប្រាស់យន្តហោះកូរ៉េមកវាយកម្ពុជា នឹងធ្វើឱ្យប៉ះពាល់ដល់មនោសញ្ចេតនាប្រជាជនខ្មែរចំពោះផលិតផល និងក្រុមហ៊ុនកូរ៉េ។


អត្ថបទ៖ បណ្ឌិត ញិល រដ្ឋា

រូបភាព៖ បញ្ញាសុប្បនិម្មិត (ជីមីណៃ)៖ JAS 39 Gripen, F-16 & T-50TH, S-400 ឬ HQ-9


រៀន រៀន រៀន ដើម្បីគិត និងអនុវត្តជាយុទ្ធសាស្ត្រ (រយៈពេលវែង)


សាមគ្គីភាពដើម្បីបានសន្តិភាព


#CambodiaNeedsPeace #មូលនិធីគ្រាប់ពូជកម្ពុជា

0.000 SRY$0.00
Laughing Doll

Comments