Serey is utilizing Blockchain technology

គណបក្សកម្លាំងជាតិ តវ៉ាជំនួសរដ្ឋាភិបាលកម្ពុជា


គណបក្សកម្លាំងជាតិ តវ៉ាជំនួសរដ្ឋាភិបាលកម្ពុជា ទាមទារឱ្យថៃត្រូវតែដកកងទ័ពចេញពីទឹកដីខ្មែរ


⏰ ផ្សាយថ្ងៃទី០២ ខែ០១ ឆ្នាំ២០២៦


👁‍👁‍ អានព័ត៌មានលម្អិត៖ https://www.cambodiadaily.com/2026/01/02/12/27/86250/


🙏 សូមជួយឧបត្ថម្ភ ឌឹ ខេមបូឌា ដេលី តាមរយៈ GoFundMe ៖ https://gofund.me/302d534f


🔽


គណបក្សក្រៅរដ្ឋាភិបាល អះអាងថា ត្រឹមតែដោះលែងវីរកងទ័ពកម្ពុជា ទាំង ១៨រូប មិនទាន់គ្រប់គ្រាន់ទេ ប៉ុន្តែថៃត្រូវតែដកកងទ័ពចេញពីដែនអធិបតេយ្យប្រទេសកម្ពុជា ឱ្យវិលត្រឡប់ទៅស្ថានភាពដើមវិញ នោះទើបជារឿងត្រឹមត្រូវ និងត្រូវទទួលខុសចំពោះការចូលកាន់កាប់លើទឹកដីខ្មែរគ្រប់បែបយ៉ាងថែមទៀត។


គណបក្សកម្លាំងជាតិ បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១ មករា នេះថា អាជ្ញាធរថៃ ត្រូវគោរពសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ថែមទាំងត្រូវសងជំងឺចិត្តរាល់ការខូចខាតទ្រព្យសម្បត្តិជាតិរបស់កម្ពុជាថែមទៀត ដូចជា សាលារៀន ផ្ទះសម្បែង មន្ទីរពេទ្យ អគារ ស្ពានថ្នល់ ប្រាសាទបុរាណ រួមទាំងសំណងដល់ប្រជាពលរដ្ឋដែលបានបាត់បង់អាយុជីវិត និងរងរបួសផងដែរ។


ប្រភពដដែលទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជា ត្រូវតែដាក់ពាក្យប្ដឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ចំពោះការឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យរបស់កម្ពុជា ថែមទាំងត្រូវស្នើទៅសហប្រធាននៃកិច្ចព្រមព្រៀងក្រុងប៉ារីស ឱ្យកោះប្រជុំជាបន្ទាន់ចំពោះករណីថៃ ឈ្លានពានទឹកដីកម្ពុជា ថែមទៀត។


ចំណែកឯលោក សម រង្ស៊ី បានអំពាវនាវឲ្យពលរដ្ឋខ្មែរប្តឹងរដ្ឋាភិបាលថៃ ទៅតុលាការអន្តរជាតិដែរ ប៉ុន្តែការខូចខាតទាំងជីវិតមនុស្ស ទាំងទ្រព្យសម្បត្តិមានទាំងសងខាង។


គណបក្សកម្លាំងជាតិ អំពាវនាវឱ្យប្រទេសថៃឡង់ដ៍ គោរពសេចក្ដីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងបញ្ឈប់រាល់ទង្វើឈ្លានពានមកលើអធិបតេយ្យភាព និងបូរណភាពដែនដីរបស់ប្រទេសកម្ពុជា ជាបន្ទាន់។


តាមធម្មតា ការគោរពរាល់កិច្ចព្រមព្រៀង តម្រូវឲ្យភាគីជម្លោះទាំងអស់គោរពដូចគ្នា ហើយខាងភាគីថៃ ក៏គេទាមទារឲ្យភាគីខ្មែរគោរពដូចគ្នា។ លក្ខខណ្ឌមួយដែលថៃ ទាមទារមុនដោះលែងទាហានទាំង ១៨នាក់ឲ្យត្រឡប់មកស្រុកកំណើតវិញជួនចំថ្ងៃចូលឆ្នាំថ្មីឆ្នាំសកល គឺឲ្យកងទ័ពខ្មែរឈប់បាញ់មុន។


រឿងកិច្ចព្រមព្រៀងបារាំង-សៀម ក៏មានច្រើនសណ្ឋាន ព្រោះបារាំង ក្នុងនាមជាអ្នកអាណាព្យាបាលលើរាជាណាចក្រកម្ពុជា ពីឆ្នាំ១៨៦៣ ដល់ឆ្នាំ១៩០៧ បារាំងបញ្ចប់អត្តសន្និយាតន៍ប្រទេសកម្ពុជាចំណុះឲ្យអណ្ណាម លែងលើកសួយសារអាករថ្វាយព្រះចៅក្រុងវ៉េ ប៉ុន្តែព្រះបាទ នរោត្តម រក្សាការទទួលស្គាល់រាជាណាចក្រសៀម កាន់កាប់ខេត្តបាត់ដំបង ស៊ីសូផុន សៀមរាប ម្លូព្រៃ (សព្វថ្ងៃខេត្តព្រះវិហារ) ទន្លេរពៅ កំពង់ស្វាយ និងពោធិ៍សាត់។


ពីថ្ងៃទី២៣ ទី២៨ ខែមីនា ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩០៧ បារាំងនិងសៀម បានព្រមព្រៀងគ្នាដោះដូរដែនដីខ្មែរ ដោយបារាំងប្រគល់ទីប្រជុំជនត្រាត ឬខេត្តត្រាត និងកោះគុត ព្រមទាំងទឹកដីតំបន់ដានសៃ ជាថ្នូរនឹងខេត្តបាត់ដំបង និងស៊ីសូផុន យកមកត្រួតត្រាវិញ។ កិច្ចព្រមព្រៀងជាភាសាថៃ បារាំង និងអង់គ្លេស ធ្វើឡើងរវាងរដ្ឋមន្ត្រីតំណាងពិសេសសាធារណរដ្ឋបារាំង Victor-Emille-MarieJoseph Collin de Plancy និងតំណាងព្រះរាជាថៃ ព្រះអង្គម្ចាស់ ទេវិន្ទ ឧទ័យវង្ស ក្រុមព្រះ ទេវវង្ស រូបកាណ៌ ហើយនិងរវាងតំណាងអគ្គទេសាភិបាលឥណ្ឌូចិន Jean Baptiste Paul Beau ប្រចាំខេត្តកំពត ឈ្មោះ Rousseau Aramande ចុះកិច្ចព្រមព្រៀងជាមួយតំណាងរាជាណាចក្រសៀម ព្រះយ៉ា មហាអំណាចទ័យាធិបតី ហៅ ព្រះយ៉ា សិរីហាទេព។


រីឯរឿងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ មានអ្នកសួរថា តើយកអនុវត្តលើភាគីថៃ ដូចម្តេច បើរដ្ឋាភិបាលលោក ហ៊ុន សែន មិនដែលគោរពផងតាំងពីឆ្នាំ១៩៩៣។ លោក ហ៊ុន សែន អះអាងថា កិច្ចព្រមព្រៀងនោះងាប់ដូចខ្មោចអណ្ដែតទឹក វាអស់សុពលភាពនៅពេលស្រុកខ្មែរមានរដ្ឋធម្មនុញ្ញថ្មី ដែលលោកមិនដែលគោរព ថែមទាំងបំពានទៀត ដូចជាបណ្តោយឲ្យបរទេសមានទីតាំងអង្គភាពយោធាលើទឹកដីខ្មែរ ជាដើម។


ការលើកឡើងពីគណបក្សកម្លាំងជាតិ ធ្វើឡើងបន្ទាប់ពីយោធាខ្មែរទាំង ១៨នាក់ទើបតែថៃ បានដោះលែងកាលពីពេលថ្មីៗនេះ ប៉ុន្តែទឹកដីកម្ពុជាមួយចំនួននៅតែស្ថិតក្រោមការគ្រប់គ្រងដោយយោធាថៃ នៅឡើយ។


ទាក់ទងនឹងរឿងនេះ លោក ហ៊ុន សែន បានទាមទារឲ្យមានការកំណត់ព្រំដែនខ្មែរ-ថៃ ជាថ្មី ដូចកាលសម័យខ្មែរក្រហម ប៉ុល ពត ស្នើរដ្ឋការក្រុងហាណូយ ជាច្រើនដង តាំងពីឆ្នាំ១៩៧៦ សុំកំណត់ព្រំប្រទល់ដែនសាថ្មី ប៉ុន្តែក្រុងហាណូយ ពន្យារពេលរហូតវាយលុកលុយរំលំរំលើង រំលាយរបបកម្ពុជាប្រជាធិបតេយ្យ។


យោងតាមវីដេអូឃ្លីបដែលត្រូវបានចែកចាយលើបណ្ដាញទំនាក់ទំនងសង្គម បង្ហាញថា ទោះមានកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ធ្នូ រហូតឈានដល់ការដោះលែងកងទ័ពកម្ពុជា ទាំង ១៨នាក់ ឱ្យត្រឡប់ទៅប្រទេសកម្ពុជា វិញក៏ដោយ ក៏កងទ័ពថៃ នៅមិនទាន់ដកកម្លាំងរបស់ពួកគេចេញពីទឹកដីកម្ពុជា ដែរ ដូចជានៅភូមិព្រៃចាន់ ភូមិជោគជ័យ និងច្រកបឹងត្រកួន ជាដើម។


តាមរយៈវីដេអូឃ្លីបទាំងនោះ បង្ហាញថា កងទ័ពថៃ បានរាយលួសបន្លា និងដាក់ពង្រាយទូកុងតឺន័រចូលជ្រៅក្នុងទឹកដីកម្ពុជា ដែលទំនងជាមានបំណងដាក់ជាសញ្ញាសម្គាល់ព្រំដែនថ្មីជាមួយប្រទេសកម្ពុជា ខណៈព្រះសង្ឃគង់នៅវត្តជោគជ័យ ក្នុងភូមិជោគជ័យ មានសង្ឃដីកាថា វត្តព្រះអង្គគង់ក៏ត្រូវទាហានថៃ រាយលួសបន្លា និងដាក់ពង្រាយទូកុងតឺន័រព័ទ្ធយកដែរ។


ជុំវិញបញ្ហានេះ កាសែតថៃ ខៅស៊ុត បានធ្វើសេចក្តីរាយការណ៍ដោយភ្ជាប់ជាមួយនឹងវីដេអូឃ្លីបដែលកងទ័ពថៃ ប្រើគ្រឿងចក្រផ្តួលរំលំផ្ទះជាច្រើនខ្នងនៅភូមិណងចាន់ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ថាកងកម្លាំង Bhurapha របស់ប្រទេសថៃ បានវាយកម្ទេចផ្ទះដែលជាកម្មសិទ្ធិរបស់ឥស្សរជនខ្មែរដ៏មានឥទ្ធិពលម្នាក់នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីយោធាថៃ បានវាយលុកភូមិណងចាន់ (Nong Chan) ក្នុងខេត្តស្រះកែវ ដោយជោគជ័យនៅថ្ងៃទី៣០ ខែធ្នូ ដោយចាត់ទុកថាជាភូមិក្នុងទឹកដីថៃ ហៅបានណងចាន់។


ប្រភពដដែលបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធថៃ បានចាត់ទុកប្រតិបត្តិការនេះថាជាអំណោយឆ្នាំថ្មីដល់ប្រជាជនថៃ ពិសេសអ្នកស្រុកណងចាន់ ដែលរង់ចាំការទាមទារយកមកវិញដោយស្របច្បាប់ និងប្រើប្រាស់ដីធ្លីរបស់ពួកគេ។


ជុំវិញសង្គ្រាមកម្ពុជា-ថៃ រយៈពេល ២១ថ្ងៃកន្លងទៅនេះ ក្រសួងមហាផ្ទៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៣០ ខែធ្នូ ថា ជនស៊ីវិលខ្មែរស្លាប់ក្នុងការវាយប្រហារ ៣២នាក់ ដែលក្នុងនោះ គឺមានកុមារម្នាក់ និងរបួស ៩៥នាក់ ខណៈហេដ្ឋារចនាសម្ព័ន្ធស៊ីវិល បានរងការខូចខាតជាង ២០០កន្លែង (២១៣កន្លែង)។


ប្រភពដដែលអះអាងថា សង្គ្រាមវាយសន្ធាប់ពីយោធាថៃ បណ្តាលឱ្យខូចខាតផ្ទះពលរដ្ឋ ១៦០ខ្នង អគារឯកជន ៧ទីតាំង សណ្ឋាគារ ៥ទីតាំង ស្ថានីយប្រេង ១ទីតាំង រថយន្ត ២៧គ្រឿង ម៉ូតូ ១គ្រឿង លានទិញដំឡូង ១កន្លែង ឃ្លាំងទំនិញ ១កន្លែង ជង្រុកស្រូវចំនួន១ សត្វព្រៃ ២ក្បាល ដែលក្នុងនោះ គឺមានសត្វដំរី ១ក្បាល និងបង្គោលអង់តែនទូរសព្ទ ២កន្លែងផងដែរ។ ជនស៊ីវិលថៃ ក៏មានស្លាប់ ការខូចខាតក្នុងខេត្តថៃ ចំនួន៤ ក៏ដំណំណាស់ដែរ ក្រោមគ្រាប់រ៉ុក្កែតផ្លោង BM-21 Grad។


ក្រោយកងទ័ពកម្ពុជា ទាំង ១៨នាក់ត្រូវបានថៃ ដោះលែង អ្នកផ្តល់ប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ លើកឡើងនៅថ្ងៃទី១ មករា នេះថា ពេលនេះល្មមដល់ពេលដែលរដ្ឋាភិបាលកម្ពុជា ដាក់ពាក្យប្តឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ហើយចំពោះការឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យប្រទេសកម្ពុជា ជាបន្តបន្ទាប់មកនេះ៕


📢 អានព័ត៌មានលម្អិតលើគេហទំព័រ https://www.cambodiadaily.com/


#TheCambodiaDaily #WithoutFearOrFavour #HunSen #HunManet #Cambodia #cambodiathai #border #thailand

0.004 SRY$0.00
Laughing Doll

Comments