ថ្មីៗនេះការរិះគន់ជាច្រើនផ្សារភ្ជាប់ជាមួយវិជ្ជាជីវៈគ្រូបង្រៀន មិនថាកំហុសសាងក្នុងវិជ្ជាជីវៈ ឬជាកំហុសបុគ្គលទេ បានធ្វើឱ្យគ្រូបង្រៀនក្លាយជាផ្ទាំងស៊ីបជេរប្រមាថរបស់មហាជន សិស្ស និងអាណាព្យាបាល។ ការណ៍នេះត្រូវបានគេមើលឃើញថា គ្រូបង្រៀនបច្ចុប្បន្នខុសពីគ្រូបង្រៀនសម័យមុន ដែលតែងទទួលបានការគោរពនិងឱ្យតម្លៃខ្លាំង។
លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជានិងតាមដានកិច្ចការសង្គម យល់ថានៅពេលសីលធម៌សង្គមធ្លាក់ចុះ ការមិនគោរពនិងឱ្យតម្លៃរបស់សិស្ស អាណាព្យាបាល គណៈគ្រប់គ្រងសាលា ចំពោះគ្រូបង្រៀន អាចនាំឱ្យគុណភាពនៃការអប់រំធ្លាក់ចុះ ពិសេសការអប់រំលើសីលធម៌គុណធម៌។ អ្នកជំនាញមើលឃើញថា សីលធម៌សង្គមបានធ្លាក់ចុះគួរឱ្យព្រួយបារម្ភ ដោយសារខ្វះការពិចារណាឱ្យបានម៉ត់ចង់លើរឿងដែលបានកើតឡើងក្នុងសង្គម ពោលមនុស្សក្នុងសង្គមឆាប់ធ្វើទូទៅនីយកម្ម ឆាប់វាយតម្លៃជារួមហើយសន្និដ្ឋានថារឿងទាំងអស់សុទ្ធតែអាក្រក់។ ដូច្នេះ នៅពេលមានគ្រូបង្រៀនណាមួយធ្វើខុសក្នុងវិជ្ជាជីវៈ មហាជនពុំគួរវាយតម្លៃថាគ្រូបង្រៀនទាំងអស់សុទ្ធតែអាក្រក់នោះដែរ។
លោកបណ្ឌិត ឈត ប៊ុនថង បានផ្តល់ការពិចារណាថា នៅក្នុងការបំពេញការងារ ប្រកបអាជីពណាមួយ ក៏គ្មានអ្នកណាគេចពីកំហុសឆ្គងដែរ។ ដូច្នេះប្រសិនបើក្រុមណា បុគ្គលណាមានកំហុសឆ្គងផ្នែកច្បាប់ ឬសីលធម៌ដែលជះផលប៉ះពាល់ដល់ខ្លួន គួរមានការជជែកគ្នាដោះស្រាយក្នុងកម្រិតបែបណាមួយ ជៀសវាងប្រើសិទ្ធិរបស់ខ្លួនហួសហេតុ ឈានដល់ការមើលងាយជេរប្រមាថដែលធ្វើឱ្យបាត់បង់សេចក្តីថ្លៃថ្នូរ និងប៉ះពាល់កិត្តិយសរបស់បុគ្គលណាមួយនោះ។
សូមបញ្ជាក់ថា ថ្មីៗនេះមានការចែកចាយវីដេអូនៅលើបណ្ដាញសង្គម ដែលមានបុគ្គលម្នាក់បានថតវីដេអូ និងប្រើពាក្យសម្ដីមិនសមរម្យទៅលើអ្នកគ្រូបង្រៀនកិច្ចសន្យាមួយរូបនៅសាលាបឋមសិក្សាមួយក្នុងខេត្តពោធិសាត់។ ដើមហេតុនៃករណីនេះ កើតចេញពីការបញ្ចេញមតិលើបណ្តាញសង្គមដោយពាក្យថា «ជ្រេញ» ទៅលើបុគ្គលរូបនេះ ទើបនាំឱ្យសាមីខ្លួនកើតទុក្ខមិនសុខចិត្ដ ហើយបានទៅរកអ្នកគ្រូបង្រៀនដល់ក្នុងសាលារៀនតែម្តង។
យ៉ាងណាមិញ ទង្វើបែបនេះត្រូវបានក្រសួងអប់រំចាត់ទុកថា ជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់កិត្ដិយសមន្ដ្រីរាជការ។ បើតាមសេចក្ដីថ្លែងការណ៍ចេញនាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ក្រសួងសង្កត់ធ្ងន់ថា មិនអាចទទួលយកបានជាដាច់ខាតនូវសកម្មភាពណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្ដិយស និងសេចក្ដីថ្លៃថ្នូររបស់គ្រូបង្រៀន។ ជាមួយគ្នា ក្រសួងអប់រំបានអំពាវនាវដល់សាធារណជនទាំងអស់ សូមចៀសវាងនូវរាល់សកម្មភាពណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ និងកិត្ដិយសរបស់លោកគ្រូ អ្នកគ្រូ និងមន្ដ្រីអប់រំ។ ក្នុងករណីដែលមានសកម្មភាពដូចនេះទៀត ជាពិសេសសកម្មភាពអសីលធម៌នៅក្នុងបរិវេណសាលារៀន ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់៕
#សីលធម៌ #គ្រូបង្រៀន #ក្រសួងអប់រំ #វិទ្យុវាយោ #VAYO #VAYORadio



Comments