Serey is utilizing Blockchain technology

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ



លេខ៖ បព ១៣/២០២៦ កបរ.សអ

សេចក្តីប្រកាសព័ត៌មាន


*** កម្ពុជាតវ៉ាជំទាស់នឹងទស្សនកិច្ចត្រួតពិនិត្យទីតាំងដោយគ្មានការអនុញ្ញាត ដឹកនាំដោយប្រធានចារកម្មកងទ័ពថៃនៅក្នុងទឹកដីកម្ពុជា

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការតវ៉ាយ៉ាងខ្លាំងដាច់អហង្ការប្រឆាំងនឹងទស្សនកិច្ចត្រួតពិនិត្យទីតាំងដោយគ្មានការអនុញ្ញាតរបស់អនុព័ន្ធយោធាបរទេសមួយក្រុម និងមន្ត្រីអនុវត្តច្បាប់ ដែលដឹកនាំដោយប្រធានចារកម្មកងទ័ពថៃ នៅសណ្ឋាគារកន្លែង ស្ថិតនៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០២៦។

ទស្សនកិច្ចត្រួតពិនិត្យទីតាំងនេះត្រូវបានធ្វើឡើងដោយគ្មានការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជា ដែលជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ សណ្ឋាគារ និងទីតាំង ដែលត្រូវបានធ្វើទស្សនកិច្ចត្រួតពិនិត្យនោះ ស្ថិតនៅចម្ងាយ ៣៧ម៉ែត្រពីច្រកអន្តរជាតិអូរស្មាច់ ដែលស្ថិតនៅក្បែរបង្គោលព្រំដែនលេខ ៤១៥។ តំបន់នេះត្រូវបានគ្រប់គ្រងដោយប្រើកម្លាំង និងកាន់កាប់ដោយកងកម្លាំងប្រដាប់អាវុធថៃ ក្នុងអំឡុងពេលនៃការវាយលុករបស់ពួកគេមកលើកម្ពុជា ចន្លោះពីថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ ២០២៥។

កម្ពុជាបដិសេធ និងជំទាស់យ៉ាងដាច់អហង្ការចំពោះប្រតិបត្តិការ ដែលធ្វើឡើងដោយកងកម្លាំងយោធាថៃ រួមទាំងការអនុវត្តអធិបតេយ្យភាពរបស់ថៃដោយខុសច្បាប់ តាមរយៈការរៀបចំទស្សនកិច្ចដូចដែលបានរៀបរាប់ខាងលើ ដែលជាការប៉ុនប៉ងធ្វើឱ្យស្របច្បាប់នូវការកាន់កាប់របស់ខ្លួនលើទឹកដីអធិបតេយ្យរបស់កម្ពុជា និងជាការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។

ទន្ទឹមនឹងការបដិសេធយ៉ាងដាច់ខាតចំពោះសកម្មភាពរបស់ប្រទេសថៃ រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តខ្ពស់បំផុត និងឥតងាករេរបស់ខ្លួន ក្នុងការស្វែងរកដំណោះស្រាយចំពោះជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់របស់ខ្លួន តាមរយៈមធ្យោបាយសន្តិភាព ស្របតាមច្បាប់អន្តរជាតិ ហើយកម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការរក្សានូវគោលការណ៍របស់ខ្លួនថា ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងឡើយ។

310.081 SRY$0.00
Laughing Doll

Comments