ដឹងការពិតហើយ! នគរបាលក្រុងស្លៀកពាក់សុីវិលបានចុះឃាត់ខ្លួនបុរសម្នាក់ ព្រោះពាក់ពន្ធ័បទល្មើសជាក់ស្ដែង ករណីហិង្សាដោយចេតនា វាយ និងយកកាំបិតប៉័ងតោ ញញួរ គប់ ជនរងគ្រោះ បណ្ដាលអោយមានស្នាមរបួស
ខេត្តសៀមរាប៖ កាលពីវេលាម៉ោង៨ និង៤៣នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ មានប្រជាពលរដ្ឋថត និងបង្ហោះថាខ្លួនមានការភិតភ័យខណះប្រទះឃើញសកម្មភាពសមត្ថកិច្ចនគរបាលក្រុងសៀមរាប ដែលស្លៀកពាក់ខោអាវសុីវិលចុះបំពេញកិច្ចកាងារ ប្រតិបត្តិការឃាត់ខ្លួនបុរសជនសង្ស័យម្នាក់ នៅចំណុចហាងជួសជុលយីហោ លឹម ជុង ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
យោងតាមរបាយការណ៍ពីសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ដែលគូលែនដេលីទទួលបានគឺ សំណើរសុំគោលការណ៍ឃាត់ខ្លួនជនសង្ស័យឈ្មោះ មុំ សុភ័ក្រ ភេទប្រុស អាយុ៣៤ ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងទីលំនៅស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្ដសៀមរាប(ប្រវត្តិទោសគ្មាន) ពាក់ពន្ធ័បទល្មើសជាក់ស្ដែង ករណីហឹង្សាដោយចេតនា វាយ និងយកកាំបិតប៉័ងតោ ញញួរ គប់ ជនរងគ្រោះ បណ្ដាលអោយមានស្នាមរបួស។
របាយការណ៍ដដែលបន្តថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៨ និង៤៣នាទី នៅចំណុចហាងជួសជុលយីហោលឹម ជុង ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មាន ករណីហឹង្សាដោយចេតនា (វ៉ៃ និងយកកាំបិតប៉័ងតោគប់ ជនរងគ្រោះ បណ្ដាលអោយមានស្នាមរបួស) បង្កឡើងដោយជនសង្ស័យខាងលើ បានធ្វើសកម្មភាពផឹកស្រាស្រវឹង ហើយស្រែកឡូឡា និងបានវាយទៅលើជនរងគ្រោះឈ្មោះ ស៊ា តុលា ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិកក្រាញ់ សង្កាត់សៀមរាប ខេត្តសៀមរាប ត្រូវចំត្រចៀកខាងស្តាំ ភ្លាមៗជនរងគ្រោះបានរត់គេច ហើយក៏ត្រូវ ជនសង្ស័យយកកាំបិតប៉័ងតោ និងញញួរ គប់ទៅលើជនរងគ្រោះ បណ្តាលឱ្យរយះខ្នងត្រង់ចង្កេះខាងស្តាំ។
របាយការណ៍បញ្ជាក់ថា ក្រោយពីទទួលសេចក្តីរាយការណ៍សមត្ថកិច្ច បានចុះទៅអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យខាងលើ យកមកសួរនាំក្រោយពីសូរនាំ ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានវ៉ៃ និងគប់ជនរងគ្រោះ ដោយញញួរ និងកាំបិតប៉័ងតោពិតមែន ដោយប្រើ ញញួរចំនួន១ និងកាំបិតប៉័ងតោចំនួន១(នគរបាលដកហូតបាន) ហើយនគរបាលជំនាញក៍បានធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យ ជាលទ្ធផលគឺ អវិជ្ជមាន ។
លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរងទទួលដឹកនាំផែនការងារសេនាធិការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យគូលែនដេលីដឹងថា តាមពិតជនសុីវិលដែលធ្វើការចាប់សង្គ្រប់លើបុរសម្នាក់ដែលជាជនសង្ស័យ ក្នុងប្រតិបត្តិការខាងលើនោះ ជាកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប មានលូហ្គូ និងសញ្ញាសំគាល់ ប្រើប្រាស់ឧបករណ៍ ដើម្បីចាប់ឃាត់ ដោយសារជនសង្ស័យមានកំបិត ញញួរ និងមិនព្រមប្រគល់ខ្លួនទើបមានការបង្ខំ។
លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ បានបន្តថា ដូចដែរលោកឧត្តមសេនីយ៍ត្រី អ៊ុំ ចំរើន ស្នងការរងទទួលដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មានគូលែនដេលី កាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយថា ក្រោយទទួលបានគោលការណ៍ណែនាំ ពីឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប, ការបញ្ជាក់បន្ថែមរបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មកក៍មានកាតដោះលែងជនសង្ស័យខាងលើវិញ បន្ទាប់ពីជននោះស្វាងស្រា ដឹងកំហុសផង មានការអង្វរពីក្រុមគ្រួសារ របស់បុរសនោះផង និងមិនមានការប្ដឹងបន្តពីជនរងគ្រោះផង៕KD
👉 ទទួលព័ត៌មានរហ័ស៖ https://t.me/Channel_kulendailynews/60501?single
👉 គ្រុបផ្តល់ព័ត៌មាន៖ https://t.me/kulendailynews





Comments