ដូណាល់ ត្រាំ៖ កម្ពុជា-ថៃ យល់ព្រមឈប់បាញ់ចាប់ពីល្ងាចនេះ (ព្រឹកនេះម៉ោងនៅកម្ពុជា), ថៃយកការផ្ទុះគ្រាប់តាមផ្លូវទៅសងសឹកកម្ពុជា
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងថា ថៃនិងកម្ពុជាយល់ព្រមបញ្ឈប់ការប្រយុទ្ធគ្នា «ចាប់ពីល្ងាចនេះ» ហើយត្រឡប់ទៅរកកិច្ចព្រមព្រៀងសន្តិភាព ដែលមេដឹកនាំទាំងពីរបានចុះហត្ថលេខាជាមួយលោក។ លោកបញ្ជាក់ច្បាស់ថា ការផ្ទុះគ្រាប់បណ្ដាលឲ្យស្លាប់និងរបួសទាហានថៃ នៅដំណាក់កាលដំបូងនៃជម្លោះនោះ គឺជាឧបត្តិហេតុ ប៉ុន្តែ ប្រទេសថៃបែរជាសងសឹកប្រទេសកម្ពុជាទៅវិញ។
លោកថ្លែងនៅលើបណ្ដាញសង្គម ក្រោយជួបមេដឹកនាំកម្ពុជា និង ថៃ តាមទូរស័ព្ទ ដូច្នេះថា៖ «ខ្ញុំបានសន្ទនាយ៉ាងល្អកាលពីព្រឹកមិញជាមួយលោកនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul និងលោកនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ទាក់ទងនឹងការផ្ទុះឡើងវិញដ៏អកុសលនៃសង្គ្រាមដែលអូសបន្លាយរបស់ពួកគេ។ ពួកគាត់បានយល់ព្រមបញ្ឈប់ការបាញ់ទាំងអស់ ដែលមានប្រសិទ្ធភាពចាប់ពីល្ងាចនេះ ហើយត្រឡប់ទៅរកកិច្ចព្រមព្រៀងសន្តិភាពដើមដែលបានធ្វើជាមួយខ្ញុំ និងពួកគាត់ ដោយមានជំនួយពីលោកនាយករដ្ឋមន្ត្រីដ៏អស្ចារ្យនៃប្រទេសម៉ាឡេស៊ី លោក Anwar Ibrahim»។
លោកបញ្ជាក់ថា៖ «គ្រាប់បែកតាមដងផ្លូវដែលបានសម្លាប់ និងធ្វើឲ្យទាហានថៃជាច្រើននាក់រងរបួសដំបូងនោះ គឺជាឧបទ្ទវហេតុ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រទេសថៃបានសងសឹកយ៉ាងខ្លាំងក្លា»។
លោកបន្តទៀតថា៖ «ប្រទេសទាំងពីរត្រៀមខ្លួនសម្រាប់សន្តិភាព និងបន្តពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ វាជាកិត្តិយសរបស់ខ្ញុំក្នុងការធ្វើការជាមួយលោក Anutin និងលោក ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយអ្វីដែលអាចវិវត្តទៅជាសង្គ្រាមដ៏ធំមួយរវាងប្រទេសដ៏អស្ចារ្យ និងរីកចម្រើនទាំងពីរ! ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ចំពោះជំនួយរបស់លោកក្នុងបញ្ហាដ៏សំខាន់នេះ»។ នៀម ឆេង



Comments